Skip to main content

សិក្ខាសាលាស្តីពីហានិភ័យពីការប្រែប្រួលអាកាសធាតុ នៅខេត្តបាត់ដំបង

នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ នេះ គម្រោង DE-RISK បានរៀបចំសិក្ខាសាលាដើម្បីស្វែងយល់ពីមុខរបរចិញ្ចឹមជីវិតរបស់ប្រជាកសិករនៅក្នុងតំបន់ក្សេត្របរិស្ថាន នៃប្រទេសកម្ពុជា ដោយប្រៀបធៀបស្ថានភាពមុខរបរចិញ្ចឹមជីវិតនាពេលបច្ចុប្បន្ននិងរយៈពេលកន្លងមក តើវាមានអ្វីប្រែប្រួល។ បន្ថែមពីនេះទៅទៀតគម្រោងបានពិភាក្សាផងដែរ អំពីប្រព័ន្ធកសិកម្មសំខាន់ៗដូចជាផលិតកម្មដំណាំស្រូវ (ស្រូវវស្សា ស្រូវប្រាំង ស្រូវតំបន់ខ្ពង់រាប) ដំណាំកសិឧស្សាហកម្ម ដំណាំដែលផ្ដល់ប្រាក់ចំណូលខ្ពស់សម្រាប់កសិករ។ 




នៅក្នុងប្រព័ន្ធកសិកម្មនីមួយៗគម្រោងបានធ្វើការប្រមូលព័ត៌មានស្តីពីប្រតិទិនដាំដុះ ការអនុវត្តការគ្រប់គ្រងផលិតកម្មកសិកម្ម​ ស្វែងយល់ពីហានិភ័យឬការប្រឈមដែរកសិករបាននិងកំពុងជួបប្រទះពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះគម្រោងនឹងធ្វើការពិភាក្សា អំពីប្រភេទព័ត៌មានអាកាសធាតុ រយៈពេលដែលត្រូវការព័ត៌មានអាកាសធាតុ ក៏ដូចជា អនុសាសន៍ដើម្បីឆ្លើយតបទៅនឹងការប្រឈមឬក៏ហានិភ័យដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ មកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងប៉ៃលិន) មន្ទីរធនធានទឹក ការិយាល័យកសិកម្មស្រុក ក៏ដូចជា តំណាងមកពី ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ សិក្ខាសាលាបានប្រព្រឹត្តទៅ រយៈពេលមួយថ្ងៃពេញ នៅក្នុងទីក្រុងបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមបានចំណាយពេល 1 ថ្ងៃពេញដើម្បីពិភាក្សា និងធ្វើលំហាត់ ទាក់ទងនឹងការគូសផែនទីមុខរបរចិញ្ចឹមជីវិត កំណត់ភាពរងគ្រោះដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ការបន្ស៊ាំ ស្ថាប័នពាក់ព័ន្ធក្នុងការពង្រឹងសមត្ថភាពបន្ស៊ាំរបស់កសិករ ក៏ដូចជារៀបចំយុទ្ធសាស្ត្របន្ស៊ាំទៅថ្ងៃអនាគត


បើកសិក្ខាសាលា ដោយ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង

គម្រោងរំពឹងថាមុខរបរចិញ្ចឹមជីវិតរបស់កសិករនឹងមានភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់សេវាការព្យាករណ៍អាកាសធាតុតាមរដូវកាល ដើម្បីធ្វើផែនការដាំដុះ និងការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ។​ គម្រោង បាននិងកំពុងធ្វើការជាមួយនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមដើម្បីបង្កើនសមត្ថភាពការព្យាករណ៍អាកាសធាតុតាមរដូវកាលពី 3 ទៅ 6ខែ ដើម្បីកសិករងាយស្រួលក្នុងការធ្វើផែនការផលិតកម្មនិងការសម្រេចចិត្ត ឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្ននេះការព្យាករណ៍អាកាសធាតុធ្វើបានក្នុងរយៈពេលខ្លី អាចមួយសប្តាហ៍ 10 ថ្ងៃ ប៉ុន្តែការព្យាករណ៍អាកាសតាមរដូវកាល ដែលមានរយៈពេលវែងពី 3 ខែទៅ 6 ខែ មិនទាន់ត្រូវបានធ្វើនៅឡើយ ហើយបើសិនជាយើងមានការព្យាករណ៍អាកាសធាតុរយៈពេលវែង គឺវាសមស្របនឹងតម្រូវការរបស់កសិករ ។ 

សិក្ខាកាម នៅក្នុងអង្គសិក្ខាសាលា មកពី មកពី មន្ទីរកសិកម្ម និងមន្ទីរ ធនធានទឹក ឧតុនិយម ការិយាល័យ កសិកម្មស្រុក និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត



សិក្ខាសាលាស្ដីពី ហានិភ័យពីអាកាសធាតុ ត្រូវបានបញ្ចប់នៅពេលល្ងាចថ្ងៃទី 20 ខែសីហាឆ្នាំ 2019។ តាមរយៈអង្គសិក្ខាសាលានេះ អ្នកចូលរួមបានស្វែងយល់បន្ថែម តើអ្វីទៅដែលហៅថាសេវាអាកាសធាតុ ពីការបកស្រាយព័ត៌មានអាកាសធាតុទៅជាអនុសាសន៍សម្រាប់អនុវត្តការងារកសិកម្មដែលមានប្រយោជន៍សម្រាប់កសិករ។  នេះគឺជាចំណុចល្អ ដែលធ្វើឲ្យមានការផ្សារភ្ជាប់គ្នារវាងការព្យាករណ៍ទៀតនឹងការងារកសិកម្ម បន្ថែមពីនេះ អ្នកចូលរួមក៏បានស្វែងយល់ផងដែរពីមុខរបរចិញ្ចឹមជីវិតរបស់កសិករ ដូចផ្ដោតលើផលិតកម្មដំណាំស្រូវ ដំណាំដែលផ្ដល់ប្រាក់ចំណូល មានន័យថាដំណាំនៅយើងដាំសម្រាប់លក់យកប្រាក់ចំណូលជាសំខាន់ ដំណាំកសិឧស្សាហកម្ម និងដំណាំដែលមានសក្កានុពលផ្សេងៗទៀត។  អ្នកចូលរួមទាំងអស់បានចូលរួមចំណែកផ្ដល់នូវអនុសាសន៍ ក្នុងការបង្កើតវិធានការណ៌បន្សាុំទៅនឹងការប្រែប្រួលអាកាសធាតុ ឬអាចមានមុខរបរចិញ្ចឹមជីវិតដែលធន់ទ្រាន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ 

សិក្ខាសាលាដូចគ្នាដែរ នឹងត្រូវបានធ្វើឡើង នៅក្នុងខេត្តផ្សេងៗទៀតនៃព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឲ្យប្រព័ន្ធក្សេត្របរិស្ថានផ្សេងៗគ្នា ដូចជា តំបន់ទំនាបទន្លេសាប តំបន់ទំនាបទន្លេមេគង្គ តំបន់ខ្ពង់រាបឬតំបន់ភ្នំ និងតំបន់មាត់សមុទ្រ។ គម្រោងនិងជ្រើសរើសតំបន់ក្សេត្របរិស្ថានចំនួនពីរធ្វើជាតំបន់គោលដៅ គឺជាតំបន់ណាដែរមានប្រជាកសិករខ្នាតតូចច្រើនដែលអាចទទួលផលពីគម្រោង តំបន់ណាមានផលិតផលអ្នកប្រើប្រាស់សំរាប់ជាសន្តិសុខស្បៀង ផលិតផលដែលមានតម្លៃសេដ្ឋកិច្ច ។ល។

វិទ្យាស្ថានអន្តរជាតិ ស្ដាជនបទឡើងវិញ (អង្គការ IIRR) គឺជាដៃគូក្នុងការអនុវត្តគម្រោង DE-RISK ជាមួយនឹងអង្គការ CIAT ប្រចាំប្រទេសកម្ពុជាក្រោមជំនួយថវិកាពីអង្គការ ឧតុនិយមពិភពលោក។ គម្រោងនេះមានគោលបំណងធ្វើអោយប្រសើរឡើងនូវការផ្ដល់សេវាអាកាសធាតុ និងប្រព័ន្ធធានារ៉ាប់រងកសិកម្ម ដល់កសិករនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ រួមមាន ភូមា ឡាវ វៀតណាម និងកម្ពុជា

Comments

Popular posts from this blog

ការបណ្ដុះបណ្ដាល ភ្នាក់ងារផ្សព្វផ្សាយឃុំស្តីពីប្រព័ន្ធកសិកម្មច​ម្រុះ

វគ្គបណ្ដុះបណ្ដាល ភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយគម្រោង ពង្រឹង ការផ្សព្វផ្សាយកសិកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងខេត្តពោធិ៍សាត់និងកំពង់ឆ្នាំង។ គម្រោងនេះ ត្រូវបានអនុវត្ត ក្រោមថវិកា ពីកម្មវិធី ASPIRE នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តគម្រោងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 14 ខែសីហាឆ្នាំ 2019 វគ្គបណ្ដះបណ្ដាល ដល់អ្នកផ្សព្វផ្សាយកសិកម្ម និងមន្ត្រីពាក់ព័ន្ធនៅថ្នាក់ខេត្តនិងថ្នាក់ស្រុក ត្រូវបានរៀបចំឡើង ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមកិច្ចសហប្រតិបត្តិការ ពីវិទ្យាស្ថានអន្តរជាតិស្ដារឡើងវិញ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាព ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ និងមន្ត្រីពាក់ព័ន្ធ ពីប្រព័ន្ធកសិកម្មចម្រុះ ជម្រើស គាំទ្រការសម្រេចចិត្តការគ្រប់គ្រងថវិកា ការរៀបចំផែនការផលិតកម្មនិងផែនការមុខរបរ ។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះភ្នាក់ងារផ្សព្វផ្សាយឃុំ នឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់កសិករដែលបានជ្រើសរើសសម្រាប់រៀបចំជាកសិដ្ឋានបង្ហាញប្រព័ន្ធកសិកម្មចំរុះនៅក្នុងភូមិចំនួន 23 នៅក្នុងខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំង។

ការចងក្រងក្រុមកសិករផលិតឈើហូបផ្លែ ដើម្បីភ្ជាប់ទៅទីផ្សារ នៅខេត្តកោះកុង

ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 8 ខែសីហាឆ្នាំ 2019 ក្រុមការងារគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាតំបន់ទន្លេមេគង្គ (BCCP) ដែលមានលោក សម វិទូ មន្ត្រីផ្នែកសាវប្បកម្ម និងលោក យឹម សុខសុភាស់ មន្ត្រីផ្នែកចងក្រងក្រុមផលិតនិងទីផ្សារ បានធ្វើដំណើរទស្សនកិច្ច ចុះត្រួតពិនិត្យការអនុវត្ត បច្ចេកទេសកសិកម្ម និងផ្តល់ការពង្រឹងដល់ក្រុមផលិតឈើហូបផ្លែ នៅស្រុកថ្មបាំង និងស្រុកស្រែអំបិលខេត្តកោះកុង។ ក្រុមការងារបានជួបប្រជុំជាមួយមេដឹកនាំក្រុមផលិតឈើហូបផ្លែ (ទុរេន សាវម៉ាវ មង្ឃុត ទៀបបារាំង ចេក ក្រូចវល្លិ) ដើម្បីពិភាក្សា អំពីការចងក្រងលក្ខន្តិកៈ ក៏ដូចជាផែនការផលិតរបស់ក្រុមអោយមានភាពច្បាស់លាស់ ដែលអោយសមាជិកក្រុមផលិតទាំងអស់ត្រូវសម្រេចធ្វើរួមគ្នា។ នៅក្នុងពេលប្រជុំ ក៏បានពិភាក្សាផងដែរអំពីចក្ខុវិស័យរបស់ក្រុមផលិតទៅថ្ងៃខាងមុខ។ ជាទូទៅកសិករមានការចាប់អារម្មណ៍ក្នុងការចងក្រងក្រុមផលិត ដើម្បីលក់ផលិតផលទៅកាន់ទីផ្សារឲ្យទទួលបានតម្លៃខ្ពស់ និងធានាបានទីផ្សារសម្រាប់ផលិតផលដែលខ្លួនផលិតបាន។ លើសពីនេះទៅទៀត ក្រុមកសិករចង់បង្កើតឱ្យមាន អត្តសញ្ញាណច្បាស់លាស់សម្រាប់ផលិតផលរបស់ខ្លួន ដោយមានដាក់ស្លាកសញ្ញា ត្រឹមត្រូវ ដើម្បីបញ្ជាក់ថាផលិតផលនេះជាផលិត ដែលផលិតដោយក្រុមផលិតមក...